វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងនៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ វិទ្យាស្ថាននេះផ្តល់ឱកាសដល់សិស្សប្រឡងជាប់ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ឬសញ្ញាបត្រសមមូលឲ្យបានរៀនបន្តមុខជំនាញរបស់ខ្លួន ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះហត្ថលេខាដោយលោករដ្ឋលេខា យក់ ង៉ុយ កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ មុខវិជ្ជាទាំង ៦ នោះ រួមមាន អនុភាពអគ្គិសនី វិទ្យាសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំ គ្រប់គ្រងទេសចរណ៍ និង សណ្ឋាគារ អេឡិចត្រូនិច និងកុំព្យូទ័រពានិជ្ជកម្ម ដោយមុខជំនាញនីមួយៗមានការផ្តល់ជូនចំនួន ៣០ កន្លែង ។
សិស្សដែលបានរៀនចប់មុនឆ្នាំសិក្សា ២០១៨-២០១៩ ត្រូវភ្ជាប់មកជាមួយវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្តោះអាសន្នបច្ចេកវិទ្យា និងវិជ្ជាជីវៈកម្រិត ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ។ ចំណែកសិស្សដែលទើប ប្រឡងជាប់ ឬធ្លាក់ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ក្នុងករណីដែលមិនទាន់ទទួលបាន វិញ្ញាបនបត្របណ្តោះអាសន្ន ។ ចំពោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ និងមានឈ្មោះក្នុងបញ្ជីប្រកាសលទ្ធផលជាផ្លូវការទើប មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះចូលរៀនបាន ។
ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលហើយវិញ្ញាសា ត្រូវប្រឡងរួមមាន គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសាអង់គ្លេស និងវប្បធម៌ទូទៅ ។ ចំពោះ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចមកដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩៕