ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ របស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ របស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការអញ្ជីញចូលរួមពីសំណាក់ប្រធានអង្គការ Room To Read អស់លោក លោកស្រីជាថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងសិស្ស និស្សិត និងគរុសិស្សផងដែរប្រកបទៅដោយសណ្តាប់ធ្នាប់រៀបរយ វិន័យថ្លៃថ្នូរ ដោយមានការរំលេច នូវបដារពាក្យស្លោកធំៗ បង្កប់នូវខ្លឹមសារ អត្ថន័យ ក្នុងការលើកស្ទួយ និង អភិវឌ្ឍន៍វិស័យអប់រំ ដើមី្បធានានូវ គុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត។
បន្ទាប់ពី លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរបានអាននូវខ្លឹមសារនៃសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មីជូនដល់ក្មួយៗ ចៅៗសិក្សានុសិស្សនៅទូទាំងប្រទេសរួចមក លោក ក៏បានធ្វើការសម្តែងនូវការកោតសរសើរចំពោះ បុគ្គលិកអប់រំសិក្សាគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាលសិស្ស សប្បុរសជន អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍន៍នានា ក្នុងការកសាងអភិវឌ្ឍន៍ វិស័យអប់រំប្រកបដោយជោគជ័យនៅក្នុងវិទ្យាស្ថាន។ លោកក៏បានធ្វើការសាទរផងដែរ អំពីលទ្ធផលល្អនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ព្រមទាំងទទួលបាននិទ្ទេសល្អផងដែរ ។ ក្នុងនោះលោកបានលើកផងដែរថា លោកគ្រូអ្នកគ្រូ គឺជាគ្រឹះនៃយានចម្លងដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងវិស័យអប់រំ ហើយប្រព័ន្ធអប់រំនៅកម្ពុជា ក្រោមការកែទម្រង់ បានធ្វើឲ្យគុណភាពនៃការអប់រំកាន់តែមានភាពរីកចម្រើនទ្វេរឡើង ។
ដូច្នេះក្នុងឆ្នាំសិក្សាថ្មីនេះ សង្ឃឹមថាប្អូនៗ នឹងខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ គោរពច្បាប់សង្គម និងគោរពច្បាប់ចរាចរណ៍ និង ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងការសែបគប់មិត្តមិនល្អ ដើមី្បអភិវឌ្ឍខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមដែលជាសសរស្តម្ភ ដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត។